បាត់ដំបងៈ អគ្គិភ័យបានឆេះផ្ទះ លក់ចាប់ហួយមួយកន្លែង ខ្ទេចឥវ៉ាន់អស់ កាលពីព្រឹកម៉ោង៩និង២០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១១ នៅម្ដុំសំណង់បណ្ដោះអាសន្ន ចុងស្ពាន ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈចាស់ៗមិននៅផ្ទះ នៅពេលប្អូនប្រុសអាយុ១៤ឆ្នាំ កំពុង បូមសាំងដាក់ដបលក់ មានមនុស្សជិះម៉ូតូ២ នាក់បានជិះមកដល់ផ្ទះកើតហេតុ ក៏បោះកន្ទុយបារីចូលក្នុងផ្ទះ សំណាងល្អដែលមិនបានឆេះ រាលដល់ផ្ទះផ្សេងទៀត ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២១ ខែកញា្ញឆ្នាំ២០១១ នៅចំណុចម្ដុំសំណង់ បណ្ដោះអាសន្នលើចិញ្ចើមផ្លូវជាប់របងវត្ដកណ្ដាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ មានអគ្គិភ័យមួយបានកើតឡើងទៅលើផ្ទះ របស់ឈ្មោះ តឹក នឹក ភេទប្រុសអាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ មាន ចាន់រី អាយុ៣៥ឆ្នាំ មាន ទីលំនៅផ្ទះកើតហេតុខាងលើ។ មុនពេល កើតហេតុ២នាក់ប្ដីប្រពន្ធបានចេញពីផ្ទះទៅ ផ្សារទុកប្អូនប្រុសឈ្មោះ តឹក ប៉ា អាយុ១៤ ឆ្នាំនៅចាំផ្ទះ។
ប្អូនដែលមានអាយុ១៤ឆ្នាំ បាននិងកំពុងបូមសាំងចេញពីប៊ីដុងច្រកចូលដបសម្រាប់លក់រាយឱ្យគេ ស្រាប់តែមាន មនុស្ស២នាក់ជិះម៉ូតូមកដល់មុខផ្ទះកើតហេតុបានបោះកន្ទុយបារីចូលក្នុងផ្ទះ ភ្លាមៗនោះ ស្រាប់តែភ្លើងកន្ទុយបារីនោះ បានឆាបឆេះភ្លាមតែម្ដង ដោយគ្មានចាស់ៗនៅផ្ទះផង ក្មេងនោះស្លន់ស្លោររត់ចេញពីផ្ទះស្រែកយំឱ្យគេជួយ។ ពេលភ្លើងកំពុងឆេះបានរាល ដល់ផ្ទះកាត់សក់នៅជាប់ជញ្ជាំងគ្នាអស់កៅអី១ និងឆេះម៉ូតូភេឬៀវដែលមកកាត់សក់មាន ឈ្មោះ ឡាញ់ ជុន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ១គ្រឿងម៉ាកសេ១០០ ស៊េរី ឆ្នាំ ២០០១ ពណ៌ខ្មៅ ខូចខាតទាំងស្រុង។ រីឯ ឥវ៉ាន់លក់ដូររបស់ម្ចាស់ផ្ទះរងគ្រោះបានឆេះអស់ខូចខាតគិតជាទឹកប្រាក់ ប្រហែលចំនួន៥លានរៀល ។ ពេលភ្លើងកំពុងឆេះសមត្ថកិច្ច នៅជិតនោះ បានឃើញរថយន្ដដឹកទឹកលក់ មកដល់មុខផ្ទះកើតហេតុល្មម ហើយបានកាក់រថយន្ដទឹកនេះ យកទឹកនាំគ្នាជួយបាញ់ពន្លត់ភ្លាមៗ។ក្រោយមកអណ្ដាតភ្លើងបាន រលត់ទៅ។ ចំណែករថយន្ដទឹករបស់នគរ បាលអគ្គិភ័យ ស្នងការនគរបាលខេត្ដ បានមកជួយសង្គ្រោះដែរ តែពេលមកដល់ភ្លើងបាន រលត់អស់ទៅ ៕

No comments:
Post a Comment