Pages

Friday, 16 September 2011

បេត្តិវិស័យ ជាភូមិនៃប្រេត


ភ្នំពេញ៖ ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ មានអំណាច អាចបណ្តាលឲ្យឃើញ វត្ថុឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា យ៉ាងសែនខ្លោចផ្សា, ពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល (របស់មិនស្អាត) មានសាកសពសត្វជាដើម។
មួយប្រភេទទៀត គ្មានអាហារស៊ី រហូតអស់ពុទ្ធន្តរ ដូចប្រេតជាញាតិ របស់ព្រះបាទពិម្ពិសារ ដែលមានសំដែងក្នុងអត្ឋកថា បរមត្ថទីបនី ខុទ្ទកនិកាយ បេត្តវត្ថុ ក្នុងតិរោកុឌ្ឌបេត្តវត្ថុថា "ក្នុងកប្បទី៩២ រាប់ថយក្រោយ ពីភទ្ទកប្បនេះទៅ មានព្រះពុទ្ធព្រះនាមថា ផុស្សៈ ទ្រង់ឧបត្តិឡើងក្នុងលោក មានមហាជនគោរពបូជាច្រើន បានថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន តែមានពួកជនខ្លះជំទាស់ចិត្ត បានធ្វើអន្តរាយដល់ទាន ដោយនាំគ្នាស៊ីទេយ្យធម៌ខ្លួនឯង និងធ្វើការដុតរោងទាន ជនទាំងនោះកាលស្លាប់ហើយ ទៅកើតក្នុងនរកអស់កាលដ៏យូរ ពួកគេស្លាប់ពីនរកហើយ កើតក្នុងនរកទៀត ដរាបសល់ ៩២កប្ប។
មកដល់ភទ្ទកប្បនេះ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធកស្សបៈ ជនទាំងនោះបានកើតក្នុងពួកប្រេត។ ក្នុងកាលនោះពួកមនុស្សនាំគ្នាធ្វើទានឧទិ្ទស ដើម្បីប្រយោជន៍ដល់ពួកប្រេត ជាញាតិរបស់ខ្លួនថា "សូមទានដែលខ្ញុំព្រះអង្គឲ្យនេះ សម្រេចដល់ពួកញាតិ របស់ខ្ញុំព្រះអង្គចុះ" ដូច្នេះពួកប្រេតជាញាតិទាំងនោះ រមែងសោយទិព្វសម្បត្តិ។
លំដាប់នោះ ពួកប្រេតជាញាតិ របស់ព្រះបាទពិម្ពិសារ បានឃើញដូច្នោះ ទើបចូលទៅគាល់ព្រះកស្សបៈសម្ពុទ្ធ ទូលសួរថា "បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គ នឹងបានសម្បត្តិបែបនេះឬទេហ្ន៎" ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ឥឡូវនេះអ្នកទាំងឡាយ មិនទាន់បានទេ តែក្នុងអនាគតកាល នឹងមានព្រះពុទ្ធព្រះនាមថា ព្រះគោតម ក្នុងកាលនោះនឹងមានព្រះរាជា ព្រះនាមពិម្ពិសារ ដែលជាញាតិរបស់អ្នកទាំងឡាយ (រាជានោះ) នឹងបានថ្វាយទាន ចំពោះព្រះពុទ្ធ អង្គនោះ ហើយឧទ្ទិសបុណ្យឲ្យដល់អ្នកទាំងឡាយ អ្នកទាំងឡាយនឹងបានក្នុងកាលនោះ។ អស់កាលមួយពុទ្ធន្តរកន្លងទៅ ព្រះបរមគ្រូនៃយើង​បានឧបត្តិឡើង ទ្រង់បានទទួលនិមន្ត អំពីព្រះបាទពិម្ពិសារ ដើម្បីសោយភត្ត។
ក្រោយពេលព្រះបាទពិម្ពិសារ ថ្វាយទានរួច ព្រះអង្គមិនបានឧទ្ទិសទាន ឲ្យដល់ពួកប្រេតទាំងនោះ ពួកប្រេតក៏មិនបានទទួលអ្វីឡើយ។ យប់នោះ ពួកប្រេតក៏មកស្រែកសំឡេង គួរភ័យខ្លាច ជិតរាជនិវេស។ ព្រះបាទពិម្ពិសារ ក៏បានទូលសួរ ព្រះមានព្រះភាគអំពីសំឡេងនោះ។ ព្រះមានព្រះភាគត្រាស់ថា "មហាបពិត្រ ពួកញាតិចាស់ ពីជាតិមុនរបស់ព្រះអង្គ ដែលកើតជាប្រេត ញាតិទាំងនោះ ប្រាថ្នានឹងជួបព្រះអង្គអស់មួយពុទ្ធន្តរ ហើយ ត្រាច់ទៅដោយគិតសង្ឃឹមថា ព្រះអង្គថ្វាយទានដល់ព្រះពុទ្ធហើយ នឹងឧទ្ទិសឲ្យដល់ពួកយើងខ្លះ ព្រោះព្រះអង្គថ្វាយទានក្នុងថ្ងៃម្សិលមិញ ហើយមិនបានឧទិ្ទស ទើបពួកញាតិនាំគ្នាអស់សង្ឃឹម ក៏បញ្ចេញសំឡេងស្រែកដូច្នេះ"។
លុះថ្វាយទានក្រោយមក ព្រះបាទពិម្ពិសារ ក៏ឧទ្ទិសទានឲ្យដល់ប្រេត "ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ទានដែលយើងខ្ញុំ បានថ្វាយហើយនេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកដល់នូវសេចក្តីសុខ។
ពួកប្រេតទាំងនោះ ក៏បាននូវសម្បត្តិទិព្វ សព្វគ្រប់ ដែលព្រះរាជាបានថ្វាយ ចំពោះព្រះពុទ្ធ មានស្រះបោក្ខរណី ដែលបានមកពីការថ្វាយទឹក ទក្ខិណោទក អាហារ សំពត់ ទីដេក ជាដើម។
ប្រេតមានច្រើនពួក តែជំពូកដែលអាចទទួលអាហារ ដែលគេឧទ្ទិសឲ្យបាន មានតែមួយប្រភេទ គឺ បរទត្តូបជីវកប្រេត។ ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន១២ពួក ១.វន្តាសប្រេត គឺប្រេតស៊ី របស់ដែលគេខ្ជាក់ចេញហើយ, ២.កុណបាសប្រេត ជាប្រេតដែលស៊ីសាកសព, ៣.គូថខាទកប្រេត ជាប្រេតដែលស៊ីឧច្ចារៈ(លាមក), ៤.អគ្គិជាលមុខប្រេត ជាប្រេតដែលមានភ្លើងនៅក្នុងមាត់, ៥.សូចិមុខប្រេត ជាប្រេតដែលមានមាត់ប៉ុនម្ជុល, ៦.តណ្ហដ្តិតប្រេត ជាប្រេត ដែលត្រូវសេចក្តីលំបាកបៀតបៀន, ៧.សុនិជ្ឈាមកប្រេត ជា ប្រេតដែលត្រូវឆេះខ្មៅ ដូចគល់ឈើ, ៨.សត្ថង្គប្រេត ជាប្រេតមានក្រចកដូចកាំបិត, ៩.បព្វតង្គប្រេត ជាប្រេតមានកាយដូចភ្នំ, ១០.អជគរង្គប្រេត ជាប្រេតមានកាយដូចពស់ថ្លាន់, ១១.វិមានកប្រេត ជាប្រេតមានវិមាននៅ និង១២.មហិទ្ធិកប្រេត ជាប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ)។
ប្រេត១២ពួកនេះ អាស្រ័យនៅក្នុងព្រៃឈ្មោះ វិជ្ឈាដវី ជាប្រទេសនៃប្រេតទាំងនោះ។
ក្នុងដែរក៏មានប្រេត២១ពួកផ្សេងទៀត រួមមាន ១.អដ្ឋិសង្ខលិកប្រេត, ២.មំសបេសីប្រេត, ៣.មំសបិណ្ឌប្រេត, ៤.និច្ឆវិបុរិសប្រេត, ៥.អសិលោមប្រេត, ៦.សត្តិកលោមប្រេត, ៧.ឧសុលោមប្រេត, ៨.សូចិលោមប្រេតទី១, ៩.សូចិលោមប្រេតទី២, ១០.កុម្ភណ្ឌភារីប្រេត, ១១.គូថនិមុគ្គប្រេត, ១២.គូថខាទកប្រេត, ១៣.និច្ឆវិត្ថីប្រេត, ១៤.មង្គុលិត្ថីប្រេត, ១៥.ឱកិលិនីប្រេត, ១៦.អសីសកពន្ធប្រេត, ១៧.ភិក្ខុប្រេត, ១៨.ភិក្ខុនីប្រេត, ១៩.សិក្ខមានាប្រេត, ២០.សាមណេរប្រេត និង២១.សាមណេរីប្រេត ។​ ដកស្រង់ចេញពីគេហទំព័រ វីគីភីឌា៕

No comments:

Post a Comment