ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវ ជនមិនស្គាល់អត្ដសញ្ញាណពីរនាក់ ដឹកមកទម្លាក់ចោល នៅវេលាម៉ោង ១និង១០នាទី រសៀល ថ្ងៃទី២១ ខែកញ្ញា នៅចំណុចផ្លូវលេខ ១៩២៨ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ បន្ទាប់ពីជនរងគ្រោះរូបនេះ ត្រូវថ្នាំសណ្ដំគេ បន្ទាប់ពីផឹកកូកាអស់មួយកំប៉ុង ហើយដឹងខ្លួនឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អោក ខុន ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅផ្ទះជួលក្បែរ ផ្ទះសំណាក់ស្រែលាភ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបររត់ម៉ូតូឌុប រីឯប្រពន្ធឈ្មោះ ង៉ាន់ ថារី ។
ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះត្រូវបានក្រុមចោរ អាចជាមនុស្សស្គាល់គ្នា ឱ្យផឹកកូកាអស់មួយកំប៉ុង រួចហើយលែងដឹងខ្លួន ត្រូវបានក្រុមចោរប្លន់យក ម៉ូតូ ម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿង យកទៅបាត់ ។ បន្ទាប់មកជនរងគ្រោះត្រូវ បានជនមិនស្គាល់អត្ដសញ្ញាណពីរនាក់ ដឹកមកទម្លាក់ចោល នៅកន្លែងកើតហេតុ ខាងលើ រួចកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ រហូតដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះ ជនរងគ្រោះមិនទាន់ជាសះស្បើយមួយរយភាគរយនៅឡើយទេ ៕
No comments:
Post a Comment