ចំណងមិត្ដភាព រវាងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា និងអតីត នាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានក្រុមអ្នក វិភាគ វាយតម្លៃថា ជា “កល្យាណមិត្ដ” ឬមិត្ដល្អកម្ររកបាន ។ នៅក្នុងពិធីជប់លៀងជា លក្ខណៈមហាគ្រួសារ ជូនលោកថាក់ស៊ីន និងក្រុមអាវក្រហម របស់គណបក្សភឿថៃ កាល ពីរាត្រីចុង សបា្ដហ៍កន្លងទៅ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា “សូមជឿទុកចិត្ដខ្ញុំ (ហ៊ុន សែន) នឹងថែទាំមេដឹកនាំរបស់អស់លោកអ្នក ហើយក៏ជាបងប្រុស របស់ខ្ញុំផងដែរនោះ ឱ្យមានសេចក្ដីសុខ ដើម្បីអាចវិល ត្រឡប់ទៅព្រះរាជាណាចក្រថៃ ក្នុង ពេលអនាគត ។ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បែបនេះ បាន ធ្វើឱ្យលោក ថាក់ស៊ីន និងប្រតិភូ គណបក្សភឿថៃ មានសេចក្ដីរីករាយយ៉ាងខ្លាំង ហើយផ្ដល់ទំនុកចិត្ដ យ៉ាងមុតមាំ ទៅលើចំណងមិត្ដភាពរវាងសម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន ។
នៅក្នុងឱកាសនោះដែរ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ បានថ្លែង ថា មិត្ដដែលជួយគ្នានៅគ្រាលំបាក និងនៅគ្រាក្របែបនេះ គឺជាមិត្ដដែលលំបាករកណាស់។ សម្ដេចហ៊ុន សែន គឺជាប្អូនប្រុសរបស់លោកផ្ទាល់ និងក៏ជា មិត្ដដ៏កម្រដែលបានជួយលោក នៅក្នុងគ្រាដ៏លំបាក ដែលលោកបានឆ្លងកាត់ នាពេលកន្លងមក ។ សម្ដេចហ៊ុន សែន បាន ជួយលោកសព្វបែបយ៉ាងជារៀងរហូត មិនថាពេលក្រលំបាកឬមានសេចក្ដីសុខនិងទុក្ខ លំបាក សម្ដេចមានទឹកចិត្ដ យ៉ាងធំធេង ចំពោះប្រជាជនថៃ ។ ក្នុងនាមលោកផ្ទាល់ ក៏ដូចជា ជនរួមជាតិថៃ ដែលមានវត្ដមាននៅទីនេះ និងជនរួមជាតិទាំងអស់ ដែលរស់នៅក្នុង ប្រទេស សូមគោរពដោយសេចក្ដីកតញ្ញូតាធម៌បំផុត ចំពោះសម្ដេចហ៊ុន សែន និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។ លោកថាក់ស៊ីន បានសង្កត់ធ្ងន់ថា “ឥឡូវនេះយើង មានមេដឹកនាំដ៏ល្អក្នុងការធ្វើទំនាក់ទំនងយ៉ាងពិសេស គឺនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចហ៊ុន សែន និងនៅប្រទេសថៃ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ដែលនោះគឺ ជា ទំនាក់ទំនងនៃការស្រឡាញ់រាប់អានគ្នាជារៀងរហូត ” ។
អ្នកតាមដានទំនាក់ទំនងរវាងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន និងអតីតនាយករដ្ឋ មន្ដ្រីថៃ ថាក់ស៊ីន ជាច្រើនឆ្នាំកន្លងមកនេះ បានវាយតម្លៃថា ជាទំនាក់ទំនងមិត្ដភាពដ៏ល្អ កម្ររកបាន ហើយជាមិត្ដដែលមានសន្ដានចិត្ដល្អពិតប្រាកដ ។ ទំនាក់ទំនងរវាងប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងអតីតនាយករដ្ឋមន្ដ្រីថៃ ធ្វើឱ្យកម្ពុជា ទទួលបាននូវផលចំណេញ យ៉ាងច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត ។ អាចនិយាយបានថា ជាទំនាក់ទំនងផ្ដល់ផល ប្រយោជន៍សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ហើយជាទំនាក់ទំនង ដើម្បីពង្រឹងស្ថិរភាព នៃកំណើនសេដ្ឋកិច្ចផងដែរ ។ ការដែលក្រុមមេ ដឹកនាំគណបក្សប្រជាធិបតេយ្យរបស់អាប់ភីស៊ីត វាចាជីវ៉ា រិះគន់ទំនាក់ ទំនងរវាងសម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន និងលោកថាក់ស៊ីន គឺជាការរិះគន់មួយគ្មានហេតុផលសមទំនង និង ផ្ទុយពីការពិតដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ។
កន្លងមកក៏ដូចជាបច្ចុប្បន្នក្រុមមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យរបស់ថៃ តែងតែ រិះគន់អំពីការយក ចិត្ដទុកដាក់របស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ចំពោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ ក៏ប៉ុន្ដែទាំងអាប់ភីស៊ីតវាចាជីវ៉ា និងកាស៊ីត ភារម្យ ភ្លេចគិតដល់អតីតកាល ដែលរដ្ឋាភិបាលថៃ ជំនាន់នោះផ្ដល់ដីនៅតាមតំបន់ព្រំដែនឱ្យចលនាតស៊ូចម្រុះត្រីភាគីបង្ក សង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ។ ទំនាក់ទំនងរវាងមេដឹកនាំរដ្ឋាភិបាលថៃ និងក្រុមមេដឹក នាំចលនាត្រីភាគី បានធ្វើឱ្យខាតបង់ផលប្រយោជន៍សម្រាប់រដ្ឋាភិបាល កម្ពុជា យ៉ាងច្រើន សន្ធឹកសន្ធាប់ ដូច្នេះក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យ ត្រូវពិចារណាឡើងវិញ អំពី បញ្ហាទាំងនោះ ។ ដោយឡែកចំណងមិត្ដភាពរវាងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន និង លោកថាក់ស៊ីន ក៏ដូចជាគណបក្សភឿថៃ នៅពេលនេះមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ ការពង្រឹងទំនាក់ទំនងនយោបាយការទូត ក៏ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ។ ចំណងមិត្ដភាពមិត្ដភាពដ៏ល្អកម្ររកបាន រវាងសម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន គឺជាកល្យាណមិត្ដពិតប្រាកដ ដូច្នេះក្រុមអាវលឿងជ្រុលនិយម និងគណបក្សប្រជាធិប តេយ្យក្នុងប្រទេស ថៃ មិនត្រូវនីន្ទាឈ្នានិសតទៅទៀតឡើយ ។
រដ្ឋាភិបាលថៃថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងរដ្ឋាភិ បាលកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ដោយសន្ដិវិធី និងពង្រឹងកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ។ រដ្ឋាភិបាលថៃថ្មីជាអ្នកមានតួនាទីក្នុងការ ដោះស្រាយបញ្ហាសព្វបែបយ៉ាង ជាមួយរដ្ឋាភិបាលកម្ពុជា ដូច្នេះក្រុមអាប់ភីស៊ីត វាចា ជីវ៉ា និងកាស៊ីត ភារម្យ ដែលចាញ់ឆ្នោតបាក់មុខទៅហើយនោះ មិនគួរបង្កការរំខានដល់ ការងារទំនាក់ទំនង រវាងរដ្ឋាភិបាលកម្ពុជា-ថៃនោះទេ ។ ដោយឡែកចំំណងមិត្ដភាពរវាង សម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជារឿងផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ ដែលក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងប្រទេសថៃ មិនគួរឈឺឆ្អាលតទៅទៀត ឡើយ ។ ចំណងមិត្ដភាពរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងលោកថាក់ស៊ីន បានបង្ហាញ យ៉ាងច្បាស់ នូវគុណធម៌ ក្នុងនាមជាកល្យាណមិត្ដ ដែលជួយដោះស្រាយទុក្ខធុរៈគ្នា និងស្គាល់ពីទុក្ខលំបាកនៅពេល មិត្ដមានបញ្ហាកើតឡើង ហើយចំណងមិត្ដភាពបែបនេះ គឺជាគំរូមួយ ដែលអ្នកដទៃគួរយក តម្រាប់តាម ដោយមិនត្រូវរិះគន់យ៉ាងអគតិនោះទេ ៕
No comments:
Post a Comment