Pages

Thursday, 22 September 2011

លោក ប៊ិន ឈិន និងក្រុមការងារ ក្រសួងធនធានទឹក នាំគ្នាច្រកប៉ាវខ្សាច់ ការពារផ្លូវជាតិលេខ៨ ពីទឹកជំនន់


ភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹកបានឲ្យដឹង នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះ ថា ឧបកនាយករដ្ឋមន្រ្តីប្រចាំការ លោក ប៊ិន ឈិន រួមទាំងក្រុមការងារ​បច្ចេកទេសរបស់​ក្រសួង ធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋានបាននាំគ្នាច្រកបាវខ្សាច់ទប់ផ្លូវជាតិ​លេខ៨ ដើម្បីការពារផលប៉ះពាល់ នៃទឹកទន្លេមេគង្គ។
អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ហាក់ សុកមករា បានឲ្យដឹង​នៅវេលាម៉ោង២៣ និង៥០ នាទី ថ្ងៃទី២២ ខែកញ្ញា នេះថា “កម្លាំងអាជ្ញាធរចម្រុះ ដែលដឹកនាំដោយលោកឧបកនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងក្រុមការងារបច្ចេកទេសរបស់​ក្រសួងធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាច្រកប៉ាវខ្សាច់ ទប់ផ្លូវជាតិលេខ៨ ស្ថិតនៅចំណុចខាងលិចប្រមាណជា៣០០ ម៉ែត្រ ទៅ៤០០ ម៉ែត្រ ពីផ្សាស្នាយពល ក្នុងភូមិរាម ស្រុកពារាំង ខេត្តព្រៃវែង”។
លោក ហាក់ ម៉ៅមករា បានឲ្យដឹងទៀតថា ការត្រៀមទប់ស្ថានការនេះ គឺបន្ទាប់ពីក្រុមការ ងារបច្ចេកទេសពិនិត្យឃើញថា នៅចំណុចនេះ មានទឹកហូរជាលក្ខណៈរន្ធនាគ ឆ្លងកាត់ផ្លូវ ដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់ផ្លូវជាតិលេខ៨ នេះ ទើបកម្លាំងចម្រុះសម្រេចនាំគ្នាធ្វើ ការទប់ស្កាត់ ចំពោះផ្លូវជាតិលេខ៨ នេះ ប្រសិនបើត្រូវចរន្តទឹកហូរកាត់ផ្តាច់នោះ វានឹងធ្វើ ឲ្យប៉ះពាល់ដល់ចរាចរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានការកកស្ទះផងដែរ ដែលជាកត្តារាំង ស្ទះដល់ការប្របករបររកស៊ី របស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។
សេចក្តីរាយការណ៍ចុងក្រោយពីក្រុមមន្រ្តីក្នុងស្រុកពារាំង នៅព្រឹកនេះដែរ បានឲ្យដឹងថា ក្រុមអាជ្ញាធរបានច្រកប៉ាវខ្សាច់ទប់ផ្លូវរហូតដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា នេះ ក្នុងគោលបំណងការពារចំពោះស្ថានការណ៍ចំពោះមុខបន្ទាប់ពី​ទទួលរងការប៉ះពាល់ពីជំនន់ទឹកទន្លេមេគង្គ ហើយនៅព្រឹកនេះដែរ ក្រុមការងារនឹងធ្វើការ ទាក់ទងក្រុមហ៊ុនរបស់ប្រទេសចិន ដើម្បីមកធ្វើការពិនិត្យបន្ត៕

ដូនជី និងព្រះសង្ឃមួយចំនួនធំ នៅវត្ត វិសុទ្ធតាម៉ាក់ ស្រុកអង្គរធំ មិនទាន់ត្រូវបានបញ្ជូនចេញ ពីតំបន់ទឹកជន់នោះទេ


សៀមរាប៖ នៅព្រឹកថ្ងៃទី ២៣​ កញ្ញា នេះ ដូនជី និងព្រះសង្ឃមួយចំនួនធំ នៅវត្ត វិសុទ្ធតាម៉ាក់ ស្ថិតនៅភូមិ កំពីងរាជ ឃុំកំពីងរាជ ស្រុកអង្គរធំ ខេត្តសៀមរាប​ មិនទាន់ត្រូវបានបញ្ជូនចេញ ពីតំបន់ទឹកជន់នោះទេ​​ នេះបើតាមទូរស័ព្ទពីម្នាក់ស្រ្តី​​ ដែលកំពុងរង់ចាំការជួយអន្តរាគមន៌ទីនោះ ។
ស្រ្តីរូបនោះបានបញ្ជាក់ថា រូបគាត់និង ដូនជី ព្រមទាំង ព្រះសង្ឃមួយចំនួន សូមអំពាវនាវអោយ មកជួយពួកគាត់ផង ព្រោះនៅទីនេះទឹកជន់ខ្លាំងណាស់​  ចំណែកព្រះសង្ឃមួយចំនួននៅឆ្ងាយពីទីនេះបន្តិច ទំនងជា អាចទឹកគួចយកទៅបានហើយក៏មិនដឹង ។​
លោក សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់ដើមអម្ពិលនៅព្រឹកថ្ងៃនេះថា កម្លាំងរបស់លោក បាននឹងកំពុងចុះទៅអន្តរាគមន៌ទីនោះហើយ​ ។
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

សម្តេចតេជោ ហ៊ុន សែន ចាត់វិធានការ ឲ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ជួយសង្រ្គោះ ប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់


Wednesday, 21 September 2011

សង្គ្រាម ម្តាយក្មេក និងកូន ប្រសារស្រី លទ្ធផល ចុងក្រោយ​ កូនប្រសារស្លាប់ ម្តាយក្មេក របួសធ្ងន់


ព្រះសីហនុ៖ សង្គ្រាមរវាង ម្តាយក្មេក និងកូនប្រសារស្រីទីបំផុតម្នាក់បានស្លាប់ និងម្នាក់ទៀតបានទទួលរងរបួសធ្ងន់ ដោយសារតែទំនាស់ពាក្យសម្តី និងភាពខ្វះការទទួលខុសត្រូវក្នុងនាមជាម្តាយក្មេក ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៤ និង៥០នាទីរសៀលថ្ងៃទី២០ កញ្ញាឆ្នាំ២០១១ នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងក្រុមទី១៦ភូមិ១ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្លុកផ្ទះបនស្រីវៀតណាមភ្នំខៀវ ។
តាមមន្ត្រីនគរបាលក្រុងព្រះសីហនុបានអោយដឹងថា ស្ត្រីដែលស្លាប់គឺមាន ឈ្មោះ កាន ចាន់ អាយុ៣២ឆ្នាំ មានមុខរបរដើរលក់បង្អែមតាមផ្ទះ និងមាន ស្រុកកំណើត នៅដែនដីកម្ពុជាក្រោម និងមានទីលំនៅបណ្តោះអាសន្នផ្ទះកើត ហេតុខាងលើ មានប្តីឈ្មោះ ហាត់ ពាហៅង្វៀង ងុកពា រឺអាពាល អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅដែនដីកម្ពុជាក្រោមដូចគ្នា ។ ចំណែកស្រ្តីជាម្តាយក្មេកឈ្មោះ សួន ហ៊ួ អាយុ៥១ឆ្នាំ មានទីលំនៅនៅកន្លែង កើតហេតុ និងមានស្រុកកំណើតនៅកម្ពុជាក្រោម ។
តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញកូនប្រសារស្រី និងម្តាយក្មេក មានទំនាស់ពាក្យសម្តីជាមួយគ្នាយ៉ាងខ្លាំងក្រោយមកស្ត្រីជា កូនប្រសារបានយកញញួរវាយទៅលើក្បាលស្ត្រីជាម្តាយក្មេកជាច្រើនញញួរ ធ្វើអោយស្ត្រីជាម្តាយក្មេកដេកសន្លប់នៅលើគ្រែក្នុងបន្ទប់ផ្ទះជួល ហើយបន្ទាប់ មកដោយសារតែភាពភ័យខ្លាចជាប់គុករូបគេក៏បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួនឯងតាមក្រោយ ។ ចំណែកឯស្ត្រីជាម្តាយក្មេកក្រោយពីមានហេតុការណ៏ នេះកើតឡើង ត្រូវបានអ្នកជិតខាងនាំទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ក្នុងក្រុងព្រះសីហនុប៉ុន្តែបើពិនិត្យអំពីអាការៈរបស់ស្រ្តីជាម្តាយក្មេកគឺរូបគាត់ ទទួលរងរបួសធ្ងន់ត្រង់គល់ថ្គាម លលាដ៏ក្បាលផ្នែកខាងក្រោយ ក៏ព្រោះតែ រងនឹងញញួរដែកទម្ងន់កន្លះគីឡូក្រាមជាច្រើនញញួរ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថាមូលហេតុឈានទៅដល់ ការបង្កើតសង្គ្រាមរវាងស្ត្រីជាកូនប្រសារ និងម្តាយក្មេកនោះដោយសារតែ ភាគីខាងម្តាយក្មេកមិនយកចិត្តទុកដាក់ចំពោះកូនប្រសារ ខណៈនាង  មានផ្ទៃពោះ៣ខែតែត្រូវបានប្តីរត់ចោល ធ្វើអោយលំបាកវេទនាក៏សម្រេចចិត្ត គិតខ្លីបែបនេះ  ៕
Photo by DAP-NEWS
Photo by DAP-NEWS
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

កំពុងបូមសាំង​ដាក់ដប គេបោះកន្ទុយបារី ចូលឆេះឈុល


បាត់ដំបងៈ អគ្គិភ័យបានឆេះផ្ទះ លក់ចាប់ហួយមួយកន្លែង ខ្ទេចឥវ៉ាន់អស់ កាលពីព្រឹកម៉ោង៩និង២០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១១ នៅម្ដុំសំណង់បណ្ដោះអាសន្ន ចុងស្ពាន ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈចាស់ៗមិននៅផ្ទះ នៅពេលប្អូនប្រុសអាយុ១៤ឆ្នាំ កំពុង បូមសាំងដាក់ដបលក់ មានមនុស្សជិះម៉ូតូ២ នាក់បានជិះមកដល់ផ្ទះកើតហេតុ ក៏បោះកន្ទុយបារីចូលក្នុងផ្ទះ សំណាងល្អដែលមិនបានឆេះ រាលដល់ផ្ទះផ្សេងទៀត ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២១ ខែកញា្ញឆ្នាំ២០១១ នៅចំណុចម្ដុំសំណង់ បណ្ដោះអាសន្នលើចិញ្ចើមផ្លូវជាប់របងវត្ដកណ្ដាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ មានអគ្គិភ័យមួយបានកើតឡើងទៅលើផ្ទះ របស់ឈ្មោះ តឹក នឹក ភេទប្រុសអាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ មាន ចាន់រី អាយុ៣៥ឆ្នាំ មាន ទីលំនៅផ្ទះកើតហេតុខាងលើ។ មុនពេល កើតហេតុ២នាក់ប្ដីប្រពន្ធបានចេញពីផ្ទះទៅ ផ្សារទុកប្អូនប្រុសឈ្មោះ តឹក ប៉ា អាយុ១៤ ឆ្នាំនៅចាំផ្ទះ។
ប្អូនដែលមានអាយុ១៤ឆ្នាំ បាននិងកំពុងបូមសាំងចេញពីប៊ីដុងច្រកចូលដបសម្រាប់លក់រាយឱ្យគេ ស្រាប់តែមាន មនុស្ស២នាក់ជិះម៉ូតូមកដល់មុខផ្ទះ​កើតហេតុបានបោះកន្ទុយបារីចូលក្នុងផ្ទះ ភ្លាមៗនោះ ស្រាប់តែភ្លើងកន្ទុយបារីនោះ បានឆាបឆេះភ្លាមតែម្ដង ដោយគ្មានចាស់ៗនៅផ្ទះផង ក្មេងនោះស្លន់ស្លោររត់ចេញពីផ្ទះស្រែកយំឱ្យគេជួយ។ ពេលភ្លើងកំពុងឆេះបានរាល ដល់ផ្ទះកាត់សក់នៅជាប់ជញ្ជាំងគ្នាអស់កៅអី១ និងឆេះម៉ូតូភេឬៀវដែលមកកាត់សក់មាន ឈ្មោះ ឡាញ់ ជុន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ១គ្រឿងម៉ាកសេ១០០ ស៊េរី ឆ្នាំ ២០០១ ពណ៌ខ្មៅ ខូចខាតទាំងស្រុង។ រីឯ ឥវ៉ាន់លក់ដូររបស់ម្ចាស់ផ្ទះរងគ្រោះបានឆេះអស់ខូចខាតគិតជាទឹកប្រាក់ ប្រហែលចំនួន៥លានរៀល ។ ពេលភ្លើងកំពុងឆេះសមត្ថកិច្ច នៅជិតនោះ បានឃើញរថយន្ដដឹកទឹកលក់ មកដល់មុខផ្ទះកើតហេតុល្មម ហើយបានកាក់រថយន្ដទឹកនេះ យកទឹកនាំគ្នាជួយបាញ់ពន្លត់ភ្លាមៗ។ក្រោយមកអណ្ដាតភ្លើងបាន រលត់ទៅ។ ចំណែករថយន្ដទឹករបស់នគរ បាលអគ្គិភ័យ ស្នងការនគរបាលខេត្ដ បានមកជួយសង្គ្រោះដែរ តែពេលមកដល់ភ្លើងបាន រលត់អស់ទៅ ៕
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

សមាជិកជាច្រើន​ បានធ្វើការត្អួញត្អែរ ទៅលើកំណែទម្រង់ថ្មី របស់គេហទំព័រ Facebook


សាន់ហ្វ្រាន់ស៊ីស្កូៈ អ្នកប្រើប្រាស់គេហទំព័រ Facebook បានធ្វើការត្អូញត្អែរអំពីកំណែទម្រង់ គេហទំព័រថ្មី ដោយមានបំណងចង់ឲ្យ វាមានភាពងាយស្រួលក្នុង ការចាប់យកពត៌មានថ្មីៗ ពីមិត្តភ័ក្តិនៅឯបណ្តាញសង្គមធំជាងគេបំផុត នៅលើពិភពលោក ។
មនុស្សជាច្រើនបានបញ្ចេញកំហឹង នៅក្នុងលំដាប់ជួរនៅលើកំណត់ហេតុ បណ្តាញ (Online) ដោយរួមទាំង "លិខិតតវ៉ានៅលើគេហទំព័រ Facebook ថ្មី" នៅបណ្តាញ សង្គម និងគេហទំព័រ Facebook " ។
មនុស្សមួយចំនួនទៀត បានត្អួញត្អែរថា ការផ្លាស់ប្តូរគេហទំព័រថ្មីនេះ គឺហាក់បីដូចជាធ្វើការប្រកួតប្រជែងជាមួយនឹង គេហទំព័រ Google+ និង គេហទំព័រ Twitter ដូច្នោះដែរ ។
ពត៌មានរបស់គេហទំព័រ Facebook ( Facebook's "News Feed") ដែលអាចទទួលបានពត៌មានថ្មីៗ ពីមិត្តភ័ក្ត បានកែទម្រង់ថ្មីដោយបានផ្តល់នូវពត៌មានសំខាន់ៗ និងរូបភាព ដែលបានដាក់នៅក្នុងវ៉េបសាយ មានទំហំធំជាងមុន។ ចំណែកឯតារាង Chat វិញ ត្រូវបានបន្ថែមនូវកម្មវិធី ( real-time conversations) ។
ក្នុងសប្តាហ៍ថ្មីៗនេះ គេហទំព័រ Facebook បានផ្តោតទៅលើមធ្យោបាយ សំរាប់សមាជិកទាំងអស់ ដើម្បីគ្រប់គ្រង់នូវព័ត៌មានណា ដែលខ្លួនចែករំលែកដោយមាន លក្ខណៈប្រសើរជាងមុន ។
កាលពីសប្តាហ៍មុន Facebook បានចាប់ផ្តើមឲ្យសមាជិកទាំងអស់ ធ្វើតាមស្តាយល៍ របស់គេហទំព័រ Twitter ជាមួយនឹងការដាក់បន្ថែមនៃបូតុង "Subscribe" ដែលអាចឲ្យ សមាជិកទាំងអស់អាចដឹងឭ ពីមនុស្សដែលមិនមែនជាមិត្តភក្តិ នៅក្នុងបណ្តាញ ព្រមទាំងអាចចែករំលែកព័ត៌មានទៅកាន់អ្នកដទៃទៀតបាន ៕
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

ផ្កាយរណប ទម្ងន់ ៦តោន នឹងធ្លាក់មកលើផែនដី នៅថ្ងៃទី២៣ ខែកញ្ញា


វ៉ាស៊ីនតោនៈ ទីភា្នក់ងារអវកាសរបស់អាមេរិក បានព្យាករណ៍សាជាថ្មីថា ផ្កាយរណបដែលមានទម្ងន់ រហូតដល់ ៦តោននោះ នឹងត្រូវធ្លាក់មកលើផែនដី នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ពេលវេលានៅអាមេរិក ដែលពីមុនគេបានគណនាថា វានឹងធ្លាក់នៅថ្ងៃពុធ ទី២១ ខែកញ្ញា ។ អង្គការណាសា បានបញ្ជាក់ថា វាពិបាកនៅក្នុងការ ព្យាករណ៍ឲ្យបានច្បាស់លាស់ និងទីតាំងដែលផ្កាយរណប នេះធ្លាក់ណាស់ក៏បន្តែពេលនេះ គេអាចព្យាករណ៍បានថា វានឹងធ្លាក់មកលើផែនដី យ៉ាងយូរបំផុត ក៏ យប់ថ្ងៃសៅរ៍ សប្តាហ៍នេះដែរ ។
គួរបញ្ជាក់ផងដែរថា ផ្កាយរណបនេះ ជាប្រភេទផ្កាយរណបស្រាវជ្រាវធាតុអាកាសដ៏ធំមួយ ដែលហៅកាត់ថា UARS ដែលមានបំណែកចំនួន ២៦ នឹងត្រូវឆេះបែក ជាបំណែកមុននឹងធ្លាក់ មកដល់ផែនដី ប៉ុន្តែគេមិនបានដឹងថា វានឹងធ្លាក់នៅកន្លែងណាឲ្យពិតបាកដនោះទេ ។ អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចនឹងធ្លាក់ នៅ ចន្លោះរយៈទទឹងខាងជើងចន្លោះ ៥៧ និងរយៈទទឹងខាងត្បូងចន្លោះ ៥៧ ដែលសុទ្ធសឹងតែជាកន្លែង ដែលជាតំបន់មានមនុស្សរស់នៅច្រើនកុះករ ៕
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

ផឹកកូកាអស់មួយកំប៉ុង ដឹងខ្លួនឡើងនៅ មន្ទីរពេទ្យកាល់ម៉ែត


ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវ ជនមិនស្គាល់អត្ដសញ្ញាណពីរនាក់ ដឹកមកទម្លាក់ចោល នៅវេលាម៉ោង ១និង១០នាទី រសៀល ថ្ងៃទី២១ ខែកញ្ញា នៅចំណុចផ្លូវលេខ ១៩២៨ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ បន្ទាប់ពីជនរងគ្រោះរូបនេះ ត្រូវថ្នាំសណ្ដំគេ បន្ទាប់ពីផឹកកូកាអស់មួយកំប៉ុង ហើយដឹងខ្លួនឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អោក ខុន ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅផ្ទះជួលក្បែរ ផ្ទះសំណាក់ស្រែលាភ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបររត់ម៉ូតូឌុប រីឯប្រពន្ធឈ្មោះ ង៉ាន់ ថារី ។
ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះត្រូវបានក្រុមចោរ អាចជាមនុស្សស្គាល់គ្នា ឱ្យផឹកកូកាអស់មួយកំប៉ុង រួចហើយលែងដឹងខ្លួន ត្រូវបានក្រុមចោរប្លន់យក ម៉ូតូ ម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿង យកទៅបាត់ ។ បន្ទាប់មកជនរងគ្រោះត្រូវ បានជនមិនស្គាល់អត្ដសញ្ញាណពីរនាក់ ដឹកមកទម្លាក់ចោល នៅកន្លែងកើតហេតុ ខាងលើ រួចកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ រហូតដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះ ជនរងគ្រោះមិនទាន់ជាសះស្បើយមួយរយភាគរយនៅឡើយទេ ៕

ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

លឹម គានហោ ៖ កម្ពុជានឹងរងសម្ពាធទាប២-៣ថ្ងៃទៀត បណ្តាលឲ្យខេត្តក្រុងមួយចំនួនទទួលរងទឹកជំនន់


លឹម គានហោ ៖ កម្ពុជានឹងរងសម្ពាធទាប២-៣ថ្ងៃទៀត បណ្តាលឲ្យខេត្តក្រុងមួយចំនួនទទួលរងទឹកជំនន់
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

Tuesday, 20 September 2011

លោក ថាក់ស៊ីន បានចាកចេញ​ ពីប្រទេសកម្ពុជា ដោយសុវត្ថិភាព


ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តី របស់ព្រះរាជា ណាចក្រថៃ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារ ដោយអយុត្តិធម៌ ពីក្រុមយោធា និងក្រុមអាវលឿងនោះ និងរងការតាមចាប់ខ្លួនគ្រប់វិនាទី ពីក្រុមអាប់ភិស៊ីត កាលពីវេលាម៉ោង ១០ និង៤០នាទីថ្ងៃទី២០ ខែកញ្ញា បានចាកចេញពីប្រទេសកម្ពុជា ដោយសុវត្ថិភាព ក្រោយពីលោកបានបញ្ចប់ពីការចូលរួម នៅក្នុងវេទិការសេដ្ឋកិច្ច មួយចំនួន និងទទួលមេដាយពីសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជាតាំងពីថ្ងៃទី១៦ ខែកញ្ញា ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល បានឲ្យដឹងថា លោកថាក់ស៊ីន បានចាកចេញពីប្រទេសកម្ពុជា បាត់ទៅហើយ កាលពីព្រឹកថ្ងៃម្សិលមិញ ដោយសុវត្ថិភាព ប៉ុន្តែមន្រ្តីរូបនេះមិនបានបញ្ជាក់ថា លោកថាក់ស៊ីន ទៅណានោះទេ ពីព្រោះជាដំណើរទស្សកិច្ចផ្ទាល់ខ្លួនរបស់លោក។ តែបើយោងតាមប្រភពព័ត៌មានមួយចំនួន បានបញ្ជាក់ថា បន្ទាប់ចេញពីប្រទេសកម្ពុជា លោកធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដែលលោកបង្ហាញវត្តមាននៅកម្ពុជា លោក ថាក់ស៊ីន បានទទួលរងនូវការរិះគន់ថ្មីមួយទៀត ពីក្រុមអាប់ភិស៊ីត ហើយក្រុមនេះបានបង្ករឿងតាមរយៈពាក្យសម្តីរបស់កាស៊ីត ដោយចោទមេដឺកនាំកម្ពុជាថា មិនបានគោរពនូវរដ្ឋធម្មនុញ្ញអាស៊ាន ខណៈដែលអនុញ្ញាតឲ្យលោក ថាក់ស៊ីន ចូលមកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះត្រូវបានក្រសួងការបរទេស ចេញសេចក្តីថ្លៃងការណ៍មួយទាត់ចោលទាំងស្រុង នូវសម្តីបង្ករឿងរបស់ការស៊ីតខាងលើ នេះ។ ការបង្ហាញវត្តមានរបស់លោកថាក់ស៊ីន នៅកម្ពុជា ក៏បានធ្វើឲ្យក្រុមអាប់ភិស៊ីត រឹតឈឺក្បាលកាន់តែខ្លាំងឡើង ស្របពេលដែលសម្តេចតេជោ ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពរបស់កម្ពុជា បានបញ្ជាក់ថា ទីនេះជាទឹកដីខ្មែរ ដូច្នេះគ្មានការចាប់ខ្លួនណាមួយ ទៅលើមិត្តភក្តិ អមតៈ និងស្និទ្ធស្នាលបំផុតរបស់សម្តេចនោះទេ៕
Photo by DAP-NEWS
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

ចោរ៤នាក់ ប្រដាប់ដោយកាំភ្លើង និងពូថៅ ប្លន់ប្រជាពលរដ្ឋ យកមាស៤តម្លឹង និងលុយជិត៤០០ដុល្លារ


កំពង់ចាម៖ ក្រុមចោរ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា២ដើម ពូថៅ១ បានចូលប្លន់ ​ប្រជាពលរដ្ឋ​យកមាសអស់៤តម្លឹង និងលុយជិត៤០០ដុល្លារ នាវេលាម៉ោង ៨ និង៣០នាទី​យប់ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១១​ នៅភូមិទ្រាខាងជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់មិញមានក្រុមចោរមួយក្រុម ប្រដាប់ដោយកាំភ្លើងអាកា២ដើម និងពូថៅ១ បានចូលគំរាមប្លន់ប្រជាពលរដ្ឋ យកមាសអស់៤តម្លឹង លុយខ្មែរ៥០ម៉ឺនរៀល និងលុយដុល្លារ ២៥០ដុល្លារ ក្រោយពេលប្លន់ក្រុមចោរទាំងអស់នេះ បានគេចខ្លួនដោយសុវត្ថិភាព តែមិនបណ្តាលឲ្យម្ចាស់ផ្ទះណាម្នាក់រងរបួសនោះទេ។
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

ក្មេងទំនើង ជាច្រើននាក់ បាននាំគ្នាជិះម៉ូតូ ដេញវ៉ៃគ្នា របួសធ្ងន់ ក្នុងខណៈនាំគ្នា ទៅ បោះបាយបិណ្ឌ


បាត់ដំបង ៖ ក្មេងទំនើង ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាជិះម៉ូតូបង្ករឿង ដេញវ៉ៃ គ្នារហូតដល់របួស ធ្ងន់ ក្នុងខណៈនាំគ្នាទៅ បោះបាយបិណ្ឌជិតភ្លឺ។ ក្រោយធ្វើ សកម្មភាព ហើយភ្លាមៗត្រូវនគរបាល ដេញចាប់បានជនដៃ ដល់២នាក់នាំយកមក អធិការ ដ្ឋានគរបាលក្រុង បាត់ដំបងធ្វើការសាកសួរ រួចកសាង សំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ ទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅគ្លី និកវិសាលសុខ លុះព្រឹក ឡើងបញ្ជូនបន្ដ ទៅព្យាបាលប្រទេស វៀតណាមតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកញា្ញ ឆ្នាំ២០១១ វេលាម៉ោង៥ ទៀបភ្លឺនៅចំណុចសួនច្បារ ស ខេង ស្ថិត ក្នុង ភូមិរំចេក៤ សង្កាត់រតនៈក្រុង-ខេត្ដបាត់ ដំបង។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាឱ្យដឹងថា ជនសង្ស័យដៃ ដល់ត្រូវកម្លាំងឃាត់ខ្លួនបានមាន ១-ឈ្មោះ ហ៊ុច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិអូរតា គាំ៣ សង្កាត់រតនៈក្រុងបាត់ដំបង ២-ឈ្មោះ ទិត ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការ សំរ៉ោង២ សង្កាត់ចំការសំរ៉ោង ក្រុង បាត់ ដំបង។ចំណែកជនរងគ្រោះមាន១-ឈ្មោះ វ៉ូ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសធ្ងន់) ២-ឈ្មោះ ចយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អូរ ចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។
លោក ស៊ន កុសល បន្ដថា កម្លាំង នគរបាលក្រុងបានដើរល្បាតក្នុងពិធីបុណ្យ កាន់បិណ្ឌ បានប្រទះឃើញពួកក្មេងទំនើង ជាច្រើននាក់នាំគ្នាជិះម៉ូតូជាច្រើន​គ្រឿងបាន​ដេញវ៉ៃគ្នាទៅមក រហូតដល់ម៉ូតូជនរង គ្រោះឈ្មោះ វ៉ូ វិសាល ដួលបែកក្បាល ហើយជនដៃដល់បានយកដំបងឈើវ៉ៃទៅ លើក្បាលជនរងគ្រោះបន្ថែមទៀត​បណ្ដាឱ្យ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ចយ របួស ស្រាល ខណៈបក្ខពួកក្មេងទំនើងទាំង២ ក្រុមនេះនាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដ សង្កែ។ ក្រោយកើតហេតុហើយកម្លាំង នគរ បាលក្រុងបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ នាក់នាំយកមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា មុនពេលកើតហេតុបក្ខពួកគេ បាននាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដសង្កែ លុះពួកគេជិះម៉ូតូមានស្រី មានប្រុសបាន ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់ជន រងគ្រោះនោះបានជិះម៉ូតូកាត់មុខពួកខ្លួន ហើយយកជើងធាក់ខ្លួនមុនទើប បក្ខពួកខ្លួន នាំគ្នាដេញវ៉ៃនិងដំបងឈើ​ដេញវ៉ៃវិញ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវ នគរបាលឃាត់ខ្លួនបាននៅចុងស្ពានសួនច្បារ ស ខេង តែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅ ស្នងការនគរបាលដើម្បីចាត់ការបន្ដ តាម ផ្លូវច្បាប់ ៕

ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

កម្លាំងអាវុធហត្ថ ខេត្ដបន្ទាយមានជ័យ បង្ក្រាបអ្នកចែកចាយ បានថ្នាំញៀន បានម្នាក់


បន្ទាយមានជ័យ  ៖ កម្លាំងជំនាញ ការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃ ទីបញ្ជាការកង រាជអាវុធហត្ថ ខេត្ដបន្ទាយ មានជ័យ បង្ក្រាប ថ្នាំញៀន បានមួយ គ្រាប់ កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១ នៅចំណុចម្ដុំស្ថានីយ៍ រថភ្លើង ស្ថិតនៅភូមិសែសិន សង្កាត់អូរ អំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមាន ជ័យ ។
លោក ធៀម ភក្ដី នាយការិយាល័យ ស្រាវជ្រាវគ្រឿងញៀន នៃទីបញ្ជាការកង រាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ បានឱ្យ ដឹងថា មុនពេលកើតហេតុកម្លាំងរបស់លោក បានល្បាតនៅចំណុចម្ដុំស្ថានីយរថភ្លើង ខណៈ នោះក៏ជួបនិងជនសង្ស័យឈ្មោះស៊ឹម សុធារ៉ា ហៅកូនខ្លា ភេទប្រុស  អាយុ២១ឆ្នាំ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានឆែករក ឃើញមានថ្នាំញៀនប្រភេទមេតំ ហ្វេតតាមីន នៅជាប់នឹងខ្លួនចំនួន០១គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្ដោះ អាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដ បន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ៕


ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

លោក ហោ ណាំហុង៖ ច្បាប់ស្តីពីអង្គការ មិនមានបំណង កម្រិតសិទ្ធិអង្គការ​ នោះទេ


ភ្នំពេញៈ ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សមាជិកសភាអឺរ៉ុបដែលកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអះអាងថា ច្បាប់ស្តីពីអង្គការ មិនមានបំណងកម្រិតសិទ្ធិ អង្គការនោះទេ តែច្បាប់នេះ បង្កើតឡើង ក្នុងគោលបំណងសម្របសម្រួល និង សហការជាមួយអង្គការឱ្យកាន់ជិតស្និទ្ធ ជាមួយ រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា លោក កុយ គួង បាននិយាយប្រាប់អ្នកសារព័ត៌មាន ដោយដកស្រង់ប្រសាសន៍ របស់រដ្ឋមន្រ្តីការបទេសកម្ពុជា លោក ហោ ណាំហុង ឱ្យដឹងនៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១១ នេះថា ច្បាប់ស្តីពីអង្គការធ្វើឡើង ដើម្បីគ្រប់គ្រងអង្គការ ឬសង្គមស៊ីវិលក្នុងស្រុក និង អង្គកាមិនមែន រដ្ឋាភិបាលបរទេស ឱ្យមានសណ្តាប់ធ្នាប់ល្អ ហើយ ច្បាប់នេះ មិនមានបំណងកម្រិតសកម្មភាព របស់អង្គការនោះទេ ហើយកន្លងមកច្បាប់នេះ ក៏មានការ ពិគ្រោះពិភាក្សាពីរលើកមកហើយ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ។
លោក កុយ គួង បានលើកឡើង ដោយដកប្រសាសន៍ សម្តីរដ្ឋមន្រ្តីការបរទេសថា “ ឯកឧត្តមបានបញ្ជាក់រឿងហ្នឹងថា ច្បាប់នេះ មិនមែនដើម្បីកម្រិតទេ គឺដើម្បីសម្របសម្រួល និង សហការគ្នាឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត” ។
លោក កុយ គួង បានបន្តថា អង្គការក្រៅរដ្ឋាភិបាល តែងតែចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យតាំងពីប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមស៊ីវិល។
ច្បាប់ស្តីពីអង្គការត្រូវ បានរដ្ឋាភិបាលកម្ពុជា ពង្រាងឡើងដើម្បីគ្រប់គ្រងអង្គការ ដែលមានច្រើនរាប់ពាន់នៅ ក្នុងរាជាណាចក្រដដ៏ច្រឡឹង នៅអាស៊ីអាគេ្នយ៍មួយនេះ នោះក៏ព្រោះតែកន្លងមក អង្គការមួយចំនួនធ្វើសកម្មភាពហួសព្រំដែន ៕


ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

វិចារណកថាៈ មិត្ដល្អកម្រ រកបាន


ចំណងមិត្ដភាព រវាងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា និងអតីត នាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានក្រុមអ្នក វិភាគ វាយតម្លៃថា ជា “កល្យាណមិត្ដ” ឬមិត្ដល្អកម្ររកបាន ។ នៅក្នុងពិធីជប់លៀងជា លក្ខណៈមហាគ្រួសារ ជូនលោកថាក់ស៊ីន និងក្រុមអាវក្រហម របស់គណបក្សភឿថៃ កាល ពីរាត្រីចុង សបា្ដហ៍កន្លងទៅ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា “សូមជឿទុកចិត្ដខ្ញុំ (ហ៊ុន សែន) នឹងថែទាំមេដឹកនាំរបស់អស់លោកអ្នក ហើយក៏ជាបងប្រុស របស់ខ្ញុំផងដែរនោះ ឱ្យមានសេចក្ដីសុខ ដើម្បីអាចវិល ត្រឡប់ទៅព្រះរាជាណាចក្រថៃ  ក្នុង ពេលអនាគត ។ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បែបនេះ បាន ធ្វើឱ្យលោក ថាក់ស៊ីន និងប្រតិភូ គណបក្សភឿថៃ មានសេចក្ដីរីករាយយ៉ាងខ្លាំង ហើយផ្ដល់ទំនុកចិត្ដ យ៉ាងមុតមាំ ទៅលើចំណងមិត្ដភាពរវាងសម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន ។
នៅក្នុងឱកាសនោះដែរ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ បានថ្លែង ថា មិត្ដដែលជួយគ្នានៅគ្រាលំបាក និងនៅគ្រាក្របែបនេះ គឺជាមិត្ដដែលលំបាករកណាស់។ សម្ដេចហ៊ុន សែន គឺជាប្អូនប្រុសរបស់លោកផ្ទាល់ និងក៏ជា មិត្ដដ៏កម្រដែលបានជួយលោក នៅក្នុងគ្រាដ៏លំបាក ដែលលោកបានឆ្លងកាត់ នាពេលកន្លងមក ។ សម្ដេចហ៊ុន សែន បាន ជួយលោកសព្វបែបយ៉ាងជារៀងរហូត មិនថាពេលក្រលំបាកឬមានសេចក្ដីសុខនិងទុក្ខ លំបាក សម្ដេចមានទឹកចិត្ដ យ៉ាងធំធេង ចំពោះប្រជាជនថៃ ។ ក្នុងនាមលោកផ្ទាល់ ក៏ដូចជា ជនរួមជាតិថៃ ដែលមានវត្ដមាននៅទីនេះ និងជនរួមជាតិទាំងអស់ ដែលរស់នៅក្នុង ប្រទេស សូមគោរពដោយសេចក្ដីកតញ្ញូតាធម៌បំផុត ចំពោះសម្ដេចហ៊ុន សែន និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។ លោកថាក់ស៊ីន បានសង្កត់ធ្ងន់ថា “ឥឡូវនេះយើង មានមេដឹកនាំដ៏ល្អក្នុងការធ្វើទំនាក់ទំនងយ៉ាងពិសេស គឺនៅកម្ពុជា  ក្រោមការដឹកនាំរបស់ សម្ដេចហ៊ុន សែន និងនៅប្រទេសថៃ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ដែលនោះគឺ ជា ទំនាក់ទំនងនៃការស្រឡាញ់រាប់អានគ្នាជារៀងរហូត ” ។
អ្នកតាមដានទំនាក់ទំនងរវាងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន និងអតីតនាយករដ្ឋ មន្ដ្រីថៃ ថាក់ស៊ីន ជាច្រើនឆ្នាំកន្លងមកនេះ បានវាយតម្លៃថា ជាទំនាក់ទំនងមិត្ដភាពដ៏ល្អ កម្ររកបាន ហើយជាមិត្ដដែលមានសន្ដានចិត្ដល្អពិតប្រាកដ ។ ទំនាក់ទំនងរវាងប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងអតីតនាយករដ្ឋមន្ដ្រីថៃ ធ្វើឱ្យកម្ពុជា ទទួលបាននូវផលចំណេញ យ៉ាងច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត ។ អាចនិយាយបានថា ជាទំនាក់ទំនងផ្ដល់ផល ប្រយោជន៍សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ហើយជាទំនាក់ទំនង ដើម្បីពង្រឹងស្ថិរភាព នៃកំណើនសេដ្ឋកិច្ចផងដែរ ។ ការដែលក្រុមមេ ដឹកនាំគណបក្សប្រជាធិបតេយ្យរបស់អាប់ភីស៊ីត វាចាជីវ៉ា រិះគន់ទំនាក់ ទំនងរវាងសម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន និងលោកថាក់ស៊ីន គឺជាការរិះគន់មួយគ្មានហេតុផលសមទំនង និង ផ្ទុយពីការពិតដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ។
កន្លងមកក៏ដូចជាបច្ចុប្បន្នក្រុមមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យរបស់ថៃ តែងតែ រិះគន់អំពីការយក ចិត្ដទុកដាក់របស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ចំពោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ ក៏ប៉ុន្ដែទាំងអាប់ភីស៊ីតវាចាជីវ៉ា និងកាស៊ីត ភារម្យ ភ្លេចគិតដល់អតីតកាល ដែលរដ្ឋាភិបាលថៃ ជំនាន់នោះផ្ដល់ដីនៅតាមតំបន់​ព្រំដែនឱ្យចលនា​តស៊ូចម្រុះត្រីភាគីបង្ក សង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ។ ទំនាក់ទំនងរវាងមេដឹកនាំរដ្ឋាភិបាលថៃ និងក្រុមមេដឹក នាំចលនាត្រីភាគី បានធ្វើឱ្យខាតបង់ផលប្រយោជន៍សម្រាប់រដ្ឋាភិបាល កម្ពុជា យ៉ាងច្រើន សន្ធឹកសន្ធាប់ ដូច្នេះក្រុមមេដឹកនាំ​គណបក្សប្រជាធិបតេយ្យ ត្រូវពិចារណាឡើងវិញ អំពី បញ្ហាទាំងនោះ ។ ដោយឡែកចំណងមិត្ដភាពរវាង​សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន និង លោកថាក់ស៊ីន ក៏ដូចជាគណបក្សភឿថៃ នៅពេលនេះមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ ការពង្រឹងទំនាក់ទំនងនយោបាយការទូត ក៏ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ។ ចំណងមិត្ដភាព​មិត្ដភាពដ៏ល្អកម្ររកបាន រវាងសម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន គឺជាកល្យាណមិត្ដពិតប្រាកដ ដូច្នេះក្រុមអាវ​លឿងជ្រុលនិយម និងគណបក្សប្រជាធិប តេយ្យក្នុងប្រទេស ថៃ មិនត្រូវនីន្ទាឈ្នានិសតទៅទៀតឡើយ ។
រដ្ឋាភិបាលថៃថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងរដ្ឋាភិ បាលកម្ពុជា បានព្រមព្រៀងគ្នា​ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ដោយសន្ដិវិធី និងពង្រឹងកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ។ រដ្ឋាភិបាល​ថៃថ្មីជាអ្នកមានតួនាទីក្នុងការ ដោះស្រាយបញ្ហាសព្វបែបយ៉ាង ជាមួយរដ្ឋាភិបាលកម្ពុជា ដូច្នេះក្រុមអាប់ភីស៊ីត វាចា ជីវ៉ា និងកាស៊ីត ភារម្យ ដែលចាញ់ឆ្នោតបាក់មុខទៅហើយនោះ មិនគួរបង្កការរំខានដល់ ការងារទំនាក់ទំនង រវាងរដ្ឋាភិបាល​កម្ពុជា-ថៃនោះទេ ។ ដោយឡែកចំំណងមិត្ដភាពរវាង សម្ដេចហ៊ុន សែន និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា  គឺជារឿងផ្ទាល់ខ្លួន​ជាលក្ខណៈគ្រួសារ ដែលក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងប្រទេសថៃ មិនគួរឈឺឆ្អាលតទៅទៀត ឡើយ ។ ចំណងមិត្ដភាពរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងលោកថាក់ស៊ីន បានបង្ហាញ យ៉ាងច្បាស់ នូវគុណធម៌ ក្នុងនាមជាកល្យាណ​មិត្ដ ដែលជួយដោះស្រាយទុក្ខធុរៈគ្នា និងស្គាល់ពីទុក្ខលំបាកនៅពេល មិត្ដមានបញ្ហាកើតឡើង ហើយចំណងមិត្ដភាពបែបនេះ គឺជាគំរូមួយ ដែលអ្នកដទៃគួរយក តម្រាប់តាម ដោយមិនត្រូវរិះគន់យ៉ាងអគតិនោះទេ ៕

ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

Friday, 16 September 2011

បេត្តិវិស័យ ជាភូមិនៃប្រេត


ភ្នំពេញ៖ ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ មានអំណាច អាចបណ្តាលឲ្យឃើញ វត្ថុឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា យ៉ាងសែនខ្លោចផ្សា, ពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល (របស់មិនស្អាត) មានសាកសពសត្វជាដើម។
មួយប្រភេទទៀត គ្មានអាហារស៊ី រហូតអស់ពុទ្ធន្តរ ដូចប្រេតជាញាតិ របស់ព្រះបាទពិម្ពិសារ ដែលមានសំដែងក្នុងអត្ឋកថា បរមត្ថទីបនី ខុទ្ទកនិកាយ បេត្តវត្ថុ ក្នុងតិរោកុឌ្ឌបេត្តវត្ថុថា "ក្នុងកប្បទី៩២ រាប់ថយក្រោយ ពីភទ្ទកប្បនេះទៅ មានព្រះពុទ្ធព្រះនាមថា ផុស្សៈ ទ្រង់ឧបត្តិឡើងក្នុងលោក មានមហាជនគោរពបូជាច្រើន បានថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន តែមានពួកជនខ្លះជំទាស់ចិត្ត បានធ្វើអន្តរាយដល់ទាន ដោយនាំគ្នាស៊ីទេយ្យធម៌ខ្លួនឯង និងធ្វើការដុតរោងទាន ជនទាំងនោះកាលស្លាប់ហើយ ទៅកើតក្នុងនរកអស់កាលដ៏យូរ ពួកគេស្លាប់ពីនរកហើយ កើតក្នុងនរកទៀត ដរាបសល់ ៩២កប្ប។
មកដល់ភទ្ទកប្បនេះ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធកស្សបៈ ជនទាំងនោះបានកើតក្នុងពួកប្រេត។ ក្នុងកាលនោះពួកមនុស្សនាំគ្នាធ្វើទានឧទិ្ទស ដើម្បីប្រយោជន៍ដល់ពួកប្រេត ជាញាតិរបស់ខ្លួនថា "សូមទានដែលខ្ញុំព្រះអង្គឲ្យនេះ សម្រេចដល់ពួកញាតិ របស់ខ្ញុំព្រះអង្គចុះ" ដូច្នេះពួកប្រេតជាញាតិទាំងនោះ រមែងសោយទិព្វសម្បត្តិ។
លំដាប់នោះ ពួកប្រេតជាញាតិ របស់ព្រះបាទពិម្ពិសារ បានឃើញដូច្នោះ ទើបចូលទៅគាល់ព្រះកស្សបៈសម្ពុទ្ធ ទូលសួរថា "បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គ នឹងបានសម្បត្តិបែបនេះឬទេហ្ន៎" ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ឥឡូវនេះអ្នកទាំងឡាយ មិនទាន់បានទេ តែក្នុងអនាគតកាល នឹងមានព្រះពុទ្ធព្រះនាមថា ព្រះគោតម ក្នុងកាលនោះនឹងមានព្រះរាជា ព្រះនាមពិម្ពិសារ ដែលជាញាតិរបស់អ្នកទាំងឡាយ (រាជានោះ) នឹងបានថ្វាយទាន ចំពោះព្រះពុទ្ធ អង្គនោះ ហើយឧទ្ទិសបុណ្យឲ្យដល់អ្នកទាំងឡាយ អ្នកទាំងឡាយនឹងបានក្នុងកាលនោះ។ អស់កាលមួយពុទ្ធន្តរកន្លងទៅ ព្រះបរមគ្រូនៃយើង​បានឧបត្តិឡើង ទ្រង់បានទទួលនិមន្ត អំពីព្រះបាទពិម្ពិសារ ដើម្បីសោយភត្ត។
ក្រោយពេលព្រះបាទពិម្ពិសារ ថ្វាយទានរួច ព្រះអង្គមិនបានឧទ្ទិសទាន ឲ្យដល់ពួកប្រេតទាំងនោះ ពួកប្រេតក៏មិនបានទទួលអ្វីឡើយ។ យប់នោះ ពួកប្រេតក៏មកស្រែកសំឡេង គួរភ័យខ្លាច ជិតរាជនិវេស។ ព្រះបាទពិម្ពិសារ ក៏បានទូលសួរ ព្រះមានព្រះភាគអំពីសំឡេងនោះ។ ព្រះមានព្រះភាគត្រាស់ថា "មហាបពិត្រ ពួកញាតិចាស់ ពីជាតិមុនរបស់ព្រះអង្គ ដែលកើតជាប្រេត ញាតិទាំងនោះ ប្រាថ្នានឹងជួបព្រះអង្គអស់មួយពុទ្ធន្តរ ហើយ ត្រាច់ទៅដោយគិតសង្ឃឹមថា ព្រះអង្គថ្វាយទានដល់ព្រះពុទ្ធហើយ នឹងឧទ្ទិសឲ្យដល់ពួកយើងខ្លះ ព្រោះព្រះអង្គថ្វាយទានក្នុងថ្ងៃម្សិលមិញ ហើយមិនបានឧទិ្ទស ទើបពួកញាតិនាំគ្នាអស់សង្ឃឹម ក៏បញ្ចេញសំឡេងស្រែកដូច្នេះ"។
លុះថ្វាយទានក្រោយមក ព្រះបាទពិម្ពិសារ ក៏ឧទ្ទិសទានឲ្យដល់ប្រេត "ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ទានដែលយើងខ្ញុំ បានថ្វាយហើយនេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកដល់នូវសេចក្តីសុខ។
ពួកប្រេតទាំងនោះ ក៏បាននូវសម្បត្តិទិព្វ សព្វគ្រប់ ដែលព្រះរាជាបានថ្វាយ ចំពោះព្រះពុទ្ធ មានស្រះបោក្ខរណី ដែលបានមកពីការថ្វាយទឹក ទក្ខិណោទក អាហារ សំពត់ ទីដេក ជាដើម។
ប្រេតមានច្រើនពួក តែជំពូកដែលអាចទទួលអាហារ ដែលគេឧទ្ទិសឲ្យបាន មានតែមួយប្រភេទ គឺ បរទត្តូបជីវកប្រេត។ ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន១២ពួក ១.វន្តាសប្រេត គឺប្រេតស៊ី របស់ដែលគេខ្ជាក់ចេញហើយ, ២.កុណបាសប្រេត ជាប្រេតដែលស៊ីសាកសព, ៣.គូថខាទកប្រេត ជាប្រេតដែលស៊ីឧច្ចារៈ(លាមក), ៤.អគ្គិជាលមុខប្រេត ជាប្រេតដែលមានភ្លើងនៅក្នុងមាត់, ៥.សូចិមុខប្រេត ជាប្រេតដែលមានមាត់ប៉ុនម្ជុល, ៦.តណ្ហដ្តិតប្រេត ជាប្រេត ដែលត្រូវសេចក្តីលំបាកបៀតបៀន, ៧.សុនិជ្ឈាមកប្រេត ជា ប្រេតដែលត្រូវឆេះខ្មៅ ដូចគល់ឈើ, ៨.សត្ថង្គប្រេត ជាប្រេតមានក្រចកដូចកាំបិត, ៩.បព្វតង្គប្រេត ជាប្រេតមានកាយដូចភ្នំ, ១០.អជគរង្គប្រេត ជាប្រេតមានកាយដូចពស់ថ្លាន់, ១១.វិមានកប្រេត ជាប្រេតមានវិមាននៅ និង១២.មហិទ្ធិកប្រេត ជាប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ)។
ប្រេត១២ពួកនេះ អាស្រ័យនៅក្នុងព្រៃឈ្មោះ វិជ្ឈាដវី ជាប្រទេសនៃប្រេតទាំងនោះ។
ក្នុងដែរក៏មានប្រេត២១ពួកផ្សេងទៀត រួមមាន ១.អដ្ឋិសង្ខលិកប្រេត, ២.មំសបេសីប្រេត, ៣.មំសបិណ្ឌប្រេត, ៤.និច្ឆវិបុរិសប្រេត, ៥.អសិលោមប្រេត, ៦.សត្តិកលោមប្រេត, ៧.ឧសុលោមប្រេត, ៨.សូចិលោមប្រេតទី១, ៩.សូចិលោមប្រេតទី២, ១០.កុម្ភណ្ឌភារីប្រេត, ១១.គូថនិមុគ្គប្រេត, ១២.គូថខាទកប្រេត, ១៣.និច្ឆវិត្ថីប្រេត, ១៤.មង្គុលិត្ថីប្រេត, ១៥.ឱកិលិនីប្រេត, ១៦.អសីសកពន្ធប្រេត, ១៧.ភិក្ខុប្រេត, ១៨.ភិក្ខុនីប្រេត, ១៩.សិក្ខមានាប្រេត, ២០.សាមណេរប្រេត និង២១.សាមណេរីប្រេត ។​ ដកស្រង់ចេញពីគេហទំព័រ វីគីភីឌា៕

បទយកការណ៍ ស្តីពី «ប្រយ័ត្ន គ្រោះថ្នាក់ចរាចរ នៅរដូវ បុណ្យភ្ជុំបិណ្ឌ»


ភ្នំពេញៈ  ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវបានចែងក្នុងមាត្រា៤៣ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះ រាជាណាចក្រកម្ពុជា ដែលសមស្រប ទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្ត និងប្រពៃណី ទំនៀមទម្លាប់ តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ទើបពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត នៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។
ពិធីបុណ្យមួយនេះ បានឈប់សម្រាករបស់ជាតិ ដោយស្របច្បាប់។
ប្រជាជនខ្មែរ តែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោច ខែភទ្របទ ទៅដល់ថ្ងៃ១៤រោច ខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយ ហៅថា «ពិធី បុណ្យភ្ជុំបិណ្ឌ» ព្រោះដើម្បីជួយសម្រួលដល់ការលំបាក ក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃ នារដូវវស្សា ដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ។
ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរ បានធ្វើចង្ហាន់យកទៅវត្តប្រគេនព្រះសង្ឃ ឧទិ្ទសកុសលចំពោះញាតិកា ៧ទាំងសន្តានដែលបានចែកឋានទៅ• ក៏ដូចដើម្បីសុំសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន ពិសេស ៣-៤ថ្ងៃ ចុងក្រោយ ចរាចរមានការមមាញឹក ដោយសារតែប្រជាជនខ្មែរ បានធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ ក្នុងនោះចេញពីរាជធានីភ្នំពេញច្រើនជាងគេ តាមមធ្យោបាយធ្វើដំណើរ ឡាន និងម៉ូតូ ទៅជួបជុំឪពុក ម្តាយ បង ប្អូន នៅឯស្រុក ភូមិ កំណើត។ បច្ចុប្បន្នប្រទេសកម្ពុជា មានរថយន្តតូចធំគ្រប់ប្រភេទចំនួនប្រមាណជា ៣សែនគ្រឿង និងម៉ូតូចំនួនប្រមាណ ១លាន ១សែនគ្រឿង។ ដូច្នេះគ្រោះថ្នាក់ចរាចរដែលច្រើនជាងគេ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំ និងរដូវបុណ្យភ្ជុំបិណ្យនេះឯង។
ជាធម្មតា រាល់ឱកាសបុណ្យធំៗ ក៏ដូចក្រៅពីពិធីបុណ្យធំៗនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលខ្មែរ តែងតែអំពាវនាវ ឱ្យប្រជាជន ប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ កុំមានគ្រោះថ្នាក់ចរាចរ លើសពីនេះ គឺឱ្យគោរពច្បាប់ចរាចរណ៍។ជាក់ស្តែង នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ ឲ្យអ្នកបើកបរយានយន្ដ នៅលើដងផ្លូវទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការគ្រោះថ្នាក់ចរាចរ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងនោះ សម្ដេច បានមានប្រសាសន៍ថា សព្វថ្ងៃនេះ អត្រាគ្រោះថ្នាក់ចរាចរ បាននិងកំពុងកើនឡើងជាលំដាប់ ដោយសម្ដេចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរ មានចំនួនច្រើនពេកនៅកម្ពុជា «អីចឹងទេ អំពាវនាវនៅក្នុងពេលវេលា នៃការធ្វើបុណ្យ ទាំងដាក់បិណ្ឌ ទាំងពេលភ្ជុំ ធានាសុវត្ថិភាពចរាចរ។ ខិតខំធ្វើយ៉ាងមេច កុំឱ្យមានមនុស្សស្លាប់ ដោយសារចរាចរ ព្រោះ គ្រោះថ្នាក់ចរាចរច្រើនពេក ច្រើនពេក!។ ឥឡូវម្នាក់ៗ ត្រៀមខ្លួនទៅដាក់បិណ្ឌឱ្យ ឪពុក ម្តាយ ឬក៏ជីដូន ជីតា ឬញាតិកាប្រាំពីរសន្តាន ដែលចែកឋានទៅ ហើយចុះបើអីចឹងដែរ មេចក៏មិនខំការពារខ្លួន។ ឧបមា ថា ស្អែកទៅដាក់បិណ្ឌ ដល់ស្អែកហ្នឹងដាក់បិណ្ឌរួច ចេញពីដាក់បិណ្ឌ មកនាំខ្លួនឯងទៅអីចឹង អ្នកណា ទៅដាក់បិណ្ឌឱ្យ? ៧ថ្ងៃក៏មិនទាន់ធ្វើរួច ពីព្រោះព្រលឹងឥតទាន់ទៅទេ ៧ថ្ងៃ នៅហ្នឹង»។
តាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោក នៅឆ្នាំ២០១០ បានឱ្យ ដឹងថា គ្រោះថ្នាក់ចរាចរណ៍ មានចំនួនប្រហែល ៨.០០០ករណី។ ជនរងគ្រោះដល់ស្លាប់ចំនួន ១.៨៣៧ នាក់ រងរបួសធ្ងន់ចំនួន ៦.៨៧៤នាក់ និងរងរបួសស្រាលចំនួន ៨.៩៤៧នាក់។
ក្រុមអ្នកតាមដានបញ្ហា គ្រោះថ្នាក់ចរាចរនៅកម្ពុជា បានលើកឡើងថា ចំនួនមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ មានការកើនឡើង ខ្ពស់ជាងចំនួនអ្នកស្លាប់ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ទៅទៀត។
មន្រ្តីកម្មវិធីសុវត្ថិភាពចរាចរ នៃអង្គការជនពិការអន្តរជាតិ ប៊ែលស៊ិក Handicap Internatio-nal លោក មាស ចន្ទឌី បានឱ្យដឹងថា ប្រទេសកម្ពុជា មានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរជាមធ្យម ៥នាក់ ក្នុង១ថ្ងៃ កាលឆ្នាំ២០១០ ដែលតួលេខនេះ ខ្ពស់ជាងគេ នៅក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត រីឯឆ្នាំ២០១១នេះ លោកគិតថា អាចកើនលើសពី ៥នាក់នេះទៅទៀត។
យោងតាមរបាយការណ៍ របស់អង្គការជនពិការអន្តរជាតិ ប៊ែលស៊ិក បានបង្ហាញថា គ្រោះថ្នាក់ចរាចរច្រើន កើតឡើងលើជនក្រីក្រ ដែល៩០% នៃជនរងគ្រោះធ្វើដំណើរ ដោយជិះម៉ូតូ កង់និងថ្មើរជើង។ ធនាគារអភិវឌ្ឍន៍អាស៊ី និងតាមការសិក្សា របស់អង្គការជនពិការប៊ែលហ្សិក Handicap International កាលពីឆ្នាំ២០០៩ បានបង្ហាញថា គ្រោះថ្នាក់ចរាចរនៅកម្ពុជា បានធ្វើឱ្យខាតបង់ទឹកប្រាក់រហូតដល់ ២៤៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ចំណែកក្រុមអង្គការ សង្គមស៊ីវិលកម្ពុជា ដែលជាសមាជិក នៃសម្ព័ន្ធភាពប្រជាពលរដ្ឋ ដើម្បីគណនេយ្យភាពសង្គម ដែលជាបណ្តុំអង្គការ-សមាគម មិនមែនរដ្ឋាភិបាលចំនួន១៣ បានចេញសេចក្តីថ្លែងការណ៍ ដោយកត់សម្គាល់ថា សោកនាដកម្ម ដោយសារតែគ្រោះថ្នាក់ចរាចរ មិនត្រឹមតែធ្វើឱ្យមនុស្សស្លាប់ យ៉ាងរង្គាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ភាពក្រីក្រ និងក្តីអស់សង្ឃឹម សម្រាប់អ្នករស់នៅពុំមានទីពឹង។
ដោយប្រឈមមុខនឹងសោកនាដកម្ម គ្រោះមហន្តរាយថ្មីនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្ទាន់ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរនៅលើដងផ្លូវ។
នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១១ ឆ្លើយចំពោះអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាថ្នាក់ជាតិ
ផ្សព្វផ្សាយសុវត្ថិភាពចរាចរផ្លូវគោក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ វរសេនីយត្រី ចេវ ហាក់ នាយរងការិយាល័យ នគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះថ្នាក់ចរាចរនេះបាន ប្រជាពលរដ្ឋ ត្រូវចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ជាពិសេសចំពោះអ្នក ដែលប្រើប្រាស់ផ្លូវគោក ត្រូវតែគោរពច្បាប់ចរាចរណ៍ ដូច ជាកុំបើកបរ ក្រោយពេលពិសាជាតិស្រវឹង កុំបើកបរហួសល្បឿនកំណត់ កុំដឹកលើសទម្ងន់ ត្រូវពាក់ខ្សែ ក្រវ៉ាត់ និងពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ ហើយក្រុមសមត្ថកិច្ច ត្រូវពង្រឹង និងរឹតបន្តឹងច្បាប់ចរាចរ។
លោកវរសេនីយត្រី ចេវ ហាក់ បន្តដូច្នេះ «៤៥% គឺគ្រោះថ្នាក់ដោយសារល្បឿន ឥឡូវនេះ វា ស្ថិតនៅលើយើងខិតខំទាំងអស់គ្នា សំខាន់អ្នកបើកបរ ឱ្យយល់ដឹងខ្ពស់វាថយហើយ រួចបញ្ហាទី២ សមត្ថកិច្ចត្រូវតែពង្រឹង រឹតបន្តឹងការអនុវត្តច្បាប់ រឹតបន្តឹងរហូតទល់តែច្បាប់ហ្នឹង មានប្រសិទ្ធភាពគ្រប់គ្រាន់។ បញ្ហាពីរហ្នឹង គឺជាការរំពឹងទុករបស់យើង ថានឹងថយចុះ ប៉ុន្តែនៅរឿងមួយទៀត គឺជាក្រិតក្រមរបស់បណ្តា ប្រទេស ប្រសិនបើយានកើន គ្រោះថ្នាក់ក៏ត្រូវកើនដែរ ក្នុងពេលដែលផ្លូវដដែល គឺមិនពង្រីក។ អញ្ចឹងបាន គេគិតតួលេខគ្រោះថ្នាក់ ប្រៀបធៀបអត្រាស្លាប់ ជាមួយចំនួនយានប៉ុន្មាន គឺ១ម៉ឺនគ្រឿង វាស្លាប់ប៉ុន្មាន អញ្ចឹងបញ្ហា ត្រូវគិតពីកត្តាអត្តនោម័តផង និងកត្តាសត្យានុម័តផង»។
ចំពោះរថយន្តកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរកន្លង រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូន លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ នៅក្នុងឱកាសនោះដែរថា ក្រសួងសាធារណការ និងដឹក ជញ្ជូន បានសហការជាមួយកំពង់ផែ ដើម្បីឱ្យត្រួតពិនិត្យ មុននឹងឱ្យចេញដំណើរ ដែលធ្វើបែបនេះ ទើប អាចជួយកាត់បន្ថយការគ្រោះថ្នាក់បាន «យើងបានក្តាប់បានសាច់រឿងហ្នឹង ហើយកំពុងតែសហការគ្នា ជាមួយកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យគាត់ជួយធ្វើឱ្យ អំពីរឿងបញ្ហាសុវត្ថិភាពហ្នឹង អាឡានដែលចេញមក ត្រូវត្រួតពិនិត្យមើល អាកន្លាស់ហ្នឹង ថាតើគេគាបស្អី គ្រប់ជ្រុងជ្រោយហើយឬនៅ? ហើយទំងន់ បើសិនជាលើស អាហ្នឹងឱ្យ គាត់រើចេញវិញមួយចំនួន ដើម្បីឱ្យគាត់ធ្វើដំណើរស្របតាមច្បាប់»។
លោក ត្រាំ អ៊ីវតឹក បន្តថា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរ មានការកើនឡើងជាលំដាប់ នាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំងដោយសារគ្រោះថ្នាក់ចរាចរ បានបន្សល់ទុកនូវកូនកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងសោកនាដកម្មគ្រប់បែបយ៉ាង មកលើប្រជាជន ធ្វើ ឱ្យ គោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល មានការលំបាក។
អគ្គលេខាធិការ នៃគណៈកម្មការជាតិសុវត្ថិភាពចរាចរ លោក អ៊ឹង ជុនហួរ ធ្លាប់បានបញ្ជាក់ ថា គ្រោះថ្នាក់ចរាចរភាគច្រើន ដែលកើតឡើង គឺនៅពេលចូលឆ្នាំ និងពិធីបុណ្យធំៗផ្សេងទៀត បណ្តាលមកពីមូលហេតុបីយ៉ាង៖ ទី១.ការបើកបរហួសល្បឿនកំណត់ ទី២.ការមិនយល់ដឹងពីច្បាប់ និង ទី៣.ការប្រើប្រាស់គ្រឿងស្រវឹង។
បច្ចុប្បន្ន កម្ពុជា មានច្បាប់ស្តីពី ចរាចរផ្លូវគោក ដែលមាន១២ ជំពូក ចែកចេញ ៩៥មាត្រា ដែលព្រះរាជក្រម ប្រកាសឱ្យប្រើថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន ស្តីពី បញ្ហាសុវត្ថិភាព ចរាចរផ្លូវគោក នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពី ខែវិច្ឆិកា ឆ្នាំ២០០៩ អង្គការសហប្រជាជាតិ បានប្រកាសយក ឆ្នាំ២០១១-ឆ្នាំ២០២០ ជាទសវត្សសុវត្ថិភាពចរាចរផ្លូវគោក ដែលមានទិសដៅ កាត់បន្ថយចំនួនអ្នកស្លាប់ លើផ្លូវថ្នល់ ឱ្យបាន ៥០% នាឆ្នាំ២០២០។ ទសវត្សសុវត្ថិភាពចរាចរផ្លូវគោកនេះ បានចាប់ផ្តើមប្រារព្ធ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១នេះ នៅគ្រប់ប្រទេសទាំងអស់លើ
ពិភពលោក៕
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល