ភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹកបានឲ្យដឹង នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះ ថា ឧបកនាយករដ្ឋមន្រ្តីប្រចាំការ លោក ប៊ិន ឈិន រួមទាំងក្រុមការងារបច្ចេកទេសរបស់ក្រសួង ធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋានបាននាំគ្នាច្រកបាវខ្សាច់ទប់ផ្លូវជាតិលេខ៨ ដើម្បីការពារផលប៉ះពាល់ នៃទឹកទន្លេមេគង្គ។
អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ហាក់ សុកមករា បានឲ្យដឹងនៅវេលាម៉ោង២៣ និង៥០ នាទី ថ្ងៃទី២២ ខែកញ្ញា នេះថា “កម្លាំងអាជ្ញាធរចម្រុះ ដែលដឹកនាំដោយលោកឧបកនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាច្រកប៉ាវខ្សាច់ ទប់ផ្លូវជាតិលេខ៨ ស្ថិតនៅចំណុចខាងលិចប្រមាណជា៣០០ ម៉ែត្រ ទៅ៤០០ ម៉ែត្រ ពីផ្សាស្នាយពល ក្នុងភូមិរាម ស្រុកពារាំង ខេត្តព្រៃវែង”។
លោក ហាក់ ម៉ៅមករា បានឲ្យដឹងទៀតថា ការត្រៀមទប់ស្ថានការនេះ គឺបន្ទាប់ពីក្រុមការ ងារបច្ចេកទេសពិនិត្យឃើញថា នៅចំណុចនេះ មានទឹកហូរជាលក្ខណៈរន្ធនាគ ឆ្លងកាត់ផ្លូវ ដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់ផ្លូវជាតិលេខ៨ នេះ ទើបកម្លាំងចម្រុះសម្រេចនាំគ្នាធ្វើ ការទប់ស្កាត់ ចំពោះផ្លូវជាតិលេខ៨ នេះ ប្រសិនបើត្រូវចរន្តទឹកហូរកាត់ផ្តាច់នោះ វានឹងធ្វើ ឲ្យប៉ះពាល់ដល់ចរាចរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានការកកស្ទះផងដែរ ដែលជាកត្តារាំង ស្ទះដល់ការប្របករបររកស៊ី របស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។
សេចក្តីរាយការណ៍ចុងក្រោយពីក្រុមមន្រ្តីក្នុងស្រុកពារាំង នៅព្រឹកនេះដែរ បានឲ្យដឹងថា ក្រុមអាជ្ញាធរបានច្រកប៉ាវខ្សាច់ទប់ផ្លូវរហូតដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា នេះ ក្នុងគោលបំណងការពារចំពោះស្ថានការណ៍ចំពោះមុខបន្ទាប់ពីទទួលរងការប៉ះពាល់ពីជំនន់ទឹកទន្លេមេគង្គ ហើយនៅព្រឹកនេះដែរ ក្រុមការងារនឹងធ្វើការ ទាក់ទងក្រុមហ៊ុនរបស់ប្រទេសចិន ដើម្បីមកធ្វើការពិនិត្យបន្ត៕